រឿងកុលាបប៉ៃលិន
https://www.youtube.com/watch?v=4zKq1qrE6Y8
កុលាបប៉ៃលិន ជាប្រលោមលោកមួយដ៏ល្បីល្បាញរបស់អ្នកកវី ញ៉ុក ថែម ហើយត្រូវបានក្រសួងសិក្សាធិការជាតិដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅថ្នាក់ទី៣ទំនើបនៃថ្នាក់អនុវិទ្យាល័យតាំងពីដើមទសវត្សឆ្នាំ៦០។
ដើមឆ្នាំ១៩៦៥ កូលាបប៉ៃលិន ត្រូវបានផលិតកម្ម វណ្ណចន្ទ យកមកផលិតជាខ្សែភាពយន្តប្រកបដោយវិចិត្រភាពយ៉ាងសំរិតសំអាង ក្រោមទេពកោលសល្យដឹកនាំរឿងរបស់ លោកវេជ្ជបណ្ឌិត សរ ស៊ីយ៉ាវុឌ្ឈ។
ដំណើររឿងទាំងស្រុងមិនខុសពីអត្ថបទប្រលោមលោកនោះទេ ដោយអ្នកដឹកនាំរឿងគោរពនូវអ្វីដែលលោក ញ៉ុក ថែមបានពិរពណ៍រៀបរាប់ដោយស្លាប៉ាមាសរបស់លោក។ ផលិតករ សរ ស៊ីយ៉ាវុឌ្ឈ បាននាំមហាទស្សនិកជនទៅមើលទិដ្ឋភាពប្រវត្តិសាស្រ្តឆ្នាំ១៩២៨ ដោយរូបគេបានរៀបចំឆាកអោយដូចទាំងស្រុងទៅនិងជីវភាពរបស់ប្រជារាស្រ្តខ្មែរនៅទឹកដីខេត្តបាត់ដំបង និង ប៉ៃលិន នៅក្នុងសម័យអាណានិគមនិយមបារាំង ដោយឥតមានទាស់។
ខ្សែភាពយន្តនេះបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦៥ នារោងភាពយន្ត កាពីតូល។ ផលិតករយើងបានជ្រើសយក លោក យី គីឡែន សម្តែងតួចៅចិត្រ , នាង ឌី សាវ៉េត សម្តែងតួនាងឃុននារី , លោក ឌុច ស៊ីឌឹម សម្តែងតួលោកហ្លួងរតនៈសម្បត្តិ , លោក នៅ ម៉ារឌី សម្តែងតួលោកវេជ្ជបណ្ឌិត , លោក អឿ សំខាន់ សម្តែងតួលោកបាឡាត់ រួមទាំងលោកតា សាន់ ត សម្តែងជាតាជឺម។
អត្តសញ្ញាណនៃតួអង្គចៅចិត្របានបង្ហាញកាន់តែច្បាស់អំពីសេចក្តីក្លាហាន ព្យាយាម អត់ធ្មត់ ដើម្បីប្រយុទ្ធប្រឆាំងនិងជីវិត។ យ៉ាងណាមិញ រឿងនេះក៏បានបង្ហាញអំពីការផ្លាស់ប្តូរចរិយាមារយាទនៃតួឯកស្រីនាងឃុននារី កូនស្រីបណ្តូលចិត្តនៃមហាសេដ្ឋីទឹកដីត្បូងពេជ្របរប៉ៃលិនហ្លួងរតនៈសម្បត្តិ ដែលធ្លាប់មានចរិតឆ្មើឆ្មៃ ជាហង្សមិនចុះដី មកជាល្អប្រពៃយល់សេចក្តីក្នុងតម្លៃជាស្រី្តពេញលក្ខិណា ដែលនេះអាចរាប់បានថាជាពុះហែកបំបែកវណ្ណៈអ្នកមាននិងអ្នកក្រ។ គិតអប់រំនៃរឿងកុលាបប៉ៃលិននេះក៏បានលាតបង្ហាញអោយឃើញផងដែរ នូវសេចក្តីល្អ គឺទ្រព្យមិនសាបសូន្យ។ ផលិតករភាពយន្តបានដាក់បញ្ចូលចម្រៀងមួយបទក្នុងខ្សែភាពយន្តនេះដើម្បីតំកល់ទុកជាអត្តសញ្ញាណនិង ការចងចាំសម្រាប់អ្នកទស្សនិកជនគឺបទ វាសនាចៅចិត្រ ។
ជាចុងក្រោយនៃផ្ទៃរឿងផលិតករភាពយន្តបានបង្ហាញអំពីសេចក្តីរំភើបឥតឧបមានៃការមង្គលការ រវាងវណ្ណៈអ្នកមាននិងវណ្ណៈអ្នកបំរើ។ យោងតាមការចុះផ្សាយមួយរបស់លោក ឡឺដេឡាពុ័ក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៦៥ ក្នុងទស្សនាវដ្តីបានលើកនូវគុណសម្បត្តិនៃខ្សែភាពយន្តលើចំណុចជាច្រើន ពិសេសគឺការរៀបចំថតអោយដូចទាំងស្រុងនិងទិដ្ឋភាពឆ្នាំ១៩២៨ ដែលមានធម្មជាតិយ៉ាងត្រកាលនៅក្នុងទឹកដីនៃខេត្តធំពីរនៃកម្ពុជរដ្ឋ ហើយលោកក៏បានសរសើរអំពីទេពកោសល្យនៃការសម្តែងរបស់តួទាំងអស់ប្រកបដោយទេពកោលសល្យខ្ពស់គួរមានមនោទនៈ។
រក្សាសិទ្ធដោយ៖ ក្រុមព្រះសុរិយា
រឿង កុលាបប៉ៃលិន
![]() |
នាង ឌី សាវ៉េត និង លោកយី គីឡែន ក្នុងឈុតរឿកុលាបប៉ៃលិន ឆ្នាំ១៩៦៥ |
រក្សាសិទ្ធដោយ៖ ក្រុមព្រះសុរិយា
Comments
Post a Comment