មរណៈភាពនៃលោក គង់ សំអាត


ទឹងជីនិត រណ្តៅមរណនៃគង់សំអាត

លោក គង់ សំអាត និង នាងឈូក រ័ត្ន
ក្នុងរឿង យក្សតាយក្សទុំ យក្សយំស្រណោះ ផលិតនៅឆ្នាំ១៩៧៤

កាលពីសម័យកម្ពុជាមានឈ្មោះថា កោះសន្តិភាព ស្ទឹងជីនិតជាទីសែនមនោរម្យដែលប្រជារាស្រ្តខ្មែរ អាចទៅលំហែកំសាន្ត គយគន់ទេសភាពធម្មជាតិពណ៍ខៀវស្រងាត់ មើលទឹកហូរធ្លាក់តាមផ្ទាំងថ្មតូចធំ លាយឡំនិងហ្វូងមច្ចាជាតិហែលលេងកំសាន្តផង ។ ស្ទឹងជីនិត ស្ថិតនៅភូមិ ព្រៃស្រងែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទឹកស្ទឹងនេះហូរចេញពីស្ទឹងសែន ។ ភាពល្អវិចិត្រទាំងនោះកើតឡើងក្រោមស្នាព្រះហស្តនៃសម្តេចព្រះនរោត្តមសីហនុ ព្រះប្រមុខរដ្ឋ។ ព្រះអង្គទ្រង់ព្រះតម្រិះគោលនយោបាយទឹក រៀបចំទឹកស្ទឹងជីនិតចេញជាធារាសាស្រ្តថ្មី អាចអោយប្រជារាស្រ្តប្រើប្រាស់ផង និង កំសាន្តផង។ ទីនេះក៏ជាទីអនុស្សាវរីយ៍នៃរឿងមួយដែលបានចេញផ្សាយតាមរលកវិទ្យុជាតិកម្ពុជានៅឆ្នាំ១៩៦៦ រឿងសន្សើមដួងចិត្ត ដែលបានពិពរណ៍និងលើករៀបរាប់ពីជីវិតស្នេហារបស់គូសង្សារមួយគូនៅក្បែរស្ទឹងជីនិតនេះ។ ក្នុងគ្រាដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ស្ទឹងជីនិតត្រូវរងនូវការខូចខាតបាត់បង់សម្រស់ និងលែងមានអ្នកទៅលំហែ។ មានរឿងរ៉ាវជាច្រើនទាក់ទងមហាសោកនាដ្យកម្មដ៏យ៉ុងខ្នងនៃបនក្បត់ប៉ុលពត គឺនៅក្រោយទី១៧ មេសា ១៩៧៥ តំបន់ស្ទឹងជីនិតទាំងមូលក្លាយជាមូលដ្ឋានរបស់ប្រជាជនខ្មែរ ដែលត្រូវជម្លៀសចេញពីលំនៅឋានអោយរស់នៅតំបន់នេះ។ ប្រជាជនខ្មែររាប់ម៉ឺននាក់បានស្លាប់ក្នុងតំបន់នេះដោយការសម្លាស់រង្គៀសនិងការអត់អាហារ។ តារាភាពយន្តដ៏ល្បីមួយរូប ក៏មានវត្ថមាននៅតំបន់នេះដែរ ហើយមានរឿងវ៉ារមហាទារុណដែលទាក់ទងនិងទឹកដីស្ទឹងជីនិតនេះ។ លោក គង់ សំអាត និង ភរិយា ត្រូវបានខ្មែរក្រហមគៀរទៅដល់តំបន់នោះ។ លោក គង់ សំអាត មានឈ្មោះដើមថា គង់ ផាន់ណា ភាពយន្តដែលកំពុងមានឈ្មោះល្បីនៅចុងសម័យសាធារណរដ្ឋខ្មែរតែម្តង។ នៅពេលនោះ មហាទស្សនកិច្ចជនខ្មែរបានស្គាល់រូបលោក ដែលក្រៅលោកជា ប្អូនប្រុសបង្កើតនៃលោកគង់សំអឿនតារាលំដាប់ទី១នៃកម្ពុជា លោកក៏ជាតារាភាពយន្តមួយរូបដែលមានសម្រស់ស្អាតសង្ហា ខុសមួយបែបពីបងប្រុសរបស់លោក។ យើងបានរកឃើញថា តារាភាពយន្តនេះសម្តែងខ្សែភាពយន្តបានជាង៤០រឿង រវាងពីឆ្នាំ១៩៦៥-១៩៧៥។ ខ្សែភាពយន្តល្បីល្បាញរបស់លោកមានដូចជា ៖ អាទិត្យវង្សាស៊ីសុរិយាវង្ស , លំអងពុទ្ធិឆាត , តឹកឆេង , ម៉ាំងសិតោ ម៉ាំងសិនាថ , ស៊ី យិនគុយ , កន្លង់បាក់ស្លា , សំពោងផ្កាចារ , អូននិងបងជាដើម។ តាមសម្តីរបស់លោក កែវ ស៊ីណន ជាប្រជាជនមូលដ្ឋានដែលរស់នៅក្បែរតំបន់នោះបានអោយដឹងថា កាលពីឆ្នាំ១៩៧៦ លោកបានជួបប្រស្រ័យទាក់ទងជាមួយគង់សំអាត ដោយលាក់លៀមនៅពេលដែលតារារូបនេះក្លាយជាទាសករដូចគ្នា។ រូបលោកនិងលោកគង់សំអាតរួមទាំងប្រជាជនដទៃទៀតត្រូវពួកខ្មែរដាក់ផែនការអោយលើកទំនប់កសាងប្រឡាយ១មករារឺទំនប់ស្ទឹងជីនិតនេះឯង។ នៅរស់នៅទីនោះបានមួយរយៈ ភរិយារបស់លោកគង់សំអាតបានបាត់ខ្លួន។ នៅចុងឆ្នាំ១៩៧៦ក្នុងគ្រាដែលភរិយារបស់លោកបានបាត់ខ្លួនទៅ លោកគង់សំអាតបានជួបនិងមិត្តភក្តិពីរបីរូបដែលមកពីក្រុងភ្នំពេញដូចគ្នា។ ពួកគេមិនអាចទ្រាំទ្ររស់នៅក្នុងហ្វូងបិសាចបាន ។ បំណងចង់រត់ចេញពីគុកឥតជញ្ចាំងដែលរស់រងចាំតែសេចក្តីស្លាប់នេះ។ ក្នុងរាត្រីមួយ ពួកគេបានរត់ចេញពីភូមិ តែជាអកុសលពួកឆ្លងខ្មែរក្រហមបានដឹងរឿងនេះ ហើយបានចាប់អ្នកទាំងបីមកធ្វើទារុណកម្ម។ ក្នុងពេលសួរចម្លើយ លោក គង់ សំអាត បានសារភាពថា រូបគេនិងមិត្តរបស់គេចង់រត់តាមផ្លូវទៅដងស្ទឹងជីនិតចេញទៅតំបន់ផ្សេង។ សួររួចហើយពួកមច្ចុរាជទាំងនោះ កំពុងទារយកជីវិតរបស់អ្នកទោសដោយវាយដុំលើរូបកាយ ស្ទើរស្លាប់ រួចចងស្លាសេកហើយយកថ្មមួយផ្ទាំងធំមានទំងន់យ៉ាងធ្ងន់មកចងជាប់ រួចទំលាក់អ្នកទោសទាំងនោះចូលក្នុងទឹកស្ទឹងជីនិតតែម្តង។ តាំងពីពេលនោះមក គេលែងឃើញមានវត្ថមានអតីតតារាភាពយន្តរូបនេះទៀតហើយ ទឹកស្ទឹងជីនិតក្លាយជាមរណះនៃរូបគេដែលទទួលរងមហាសែនទារុណកម្មរហូតដល់លាលោកនេះទៅ។ ខ្ញុំសូមឧទ្ទិសបទពិពរណ៍ដំណឹងចុងក្រោយនេះ ចំពោះវិញ្ញាណក្ខន្ធលោកគង់សំអាត ចូលទៅកាន់សុគិតភពកុំបីឃ្លៀងឃ្លាតឡើយ។ ស្រាវជ្រាវនិងសរសេរដោយ វីរៈ វ៉ារ៉ានី


រក្សាសិទ្ធិដោយ ក្រុមព្រះសុរិយា

Comments

Popular posts from this blog

រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ

រឿងកុលាបប៉ៃលិន

រឿង នាងចន្ទកេសី រឺ ជៀវគុណចន្ទកេសី