ដើមកំណើតនៃកុនខ្មែរ
នៅលើពិភពលោកយើងនេះ វិស័យភាពយន្តគឺជាវិស័យមួយដ៏មានប្រជាប្រិយភាពខ្លាំងក្លាគួរអោយកត់សម្គាល់។ សម្រាប់ប្រទេសកម្ពុជាវិញ វិស័យភាពយន្តខ្មែរត្រូវបានគេដាក់បញ្ចូលថាជាសិល្បៈទី៧នៃជាតិខ្មែរ ព្រោះថាវិស័យនេះបានរួមបញ្ចូលសិល្បៈ៦ទម្រង់ខុសៗគ្នា ក្នុងនោះរួមមាន សិល្បៈស្ថាបត្យកម្ម , សិល្បៈចម្លាក់ , សិល្បៈគំនូរ , សិល្បៈតន្រ្តី , សិល្បៈរបាំ , , សិល្បៈអក្សរសិល្ប៍ ហើយរួមបញ្ចូលគ្នាផលិតចេញទម្រង់សិល្បៈទី៧នេះឯង។
នៅប្រទេសកម្ពុជា វិស័យភាពយន្តបានលូតលាស់លឿនទៅមុខ ប្រកបដោយគុណភាពនៅកំឡុងទសវត្សឆ្នាំ៦០និង៧០ ដែលគេសន្មតថាជាយុគមាសនៃភាពយន្តខ្មែរ។
តើភាពយន្តហូរចូលមកកម្ពុជាតាំងពីពេលណា?
សិល្បៈភាពយន្ត បានហូរចូលមកប្រទេសកម្ពុជា នៅពេលបារាំងចូលមកដាក់អាណានិគមលើកម្ពុជា ដោយយើងស្រាវជ្រាវឃើញថា នៅចុងឆ្នាំ១៩១០ មានរោងភាពយន្តពីរមានវត្ថមាន នៅរាជធានីភ្នំពេញ ហើយក៏មានការបញ្ចាំងកុនចល័ត បញ្ចាំងភាពយន្តនៅតំបន់ទាំងឡាយក្នុងព្រះរាជាអាណាចក្រមួយនេះ ដែលសុទ្ធសឹងតែនាំចូលដោយពួកអ្នករដ្ឋការបារាំងទាំងអស់។ ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស មានក្រុមផលិតជនជាតិបារាំងមួយក្រុមបានមកថតខ្សែភាពយន្តបែបផ្សងព្រេងមួយនៅលើទឹកដីប្រទេសកម្ពុជា ពិសេសថតមហាប្រាសាទអង្គរវត្ត ដែលកំពុងពួនសំងំកណ្តាលវច្ចវាសែនស្ងាត់ជ្រងំ។ ក្រោយពីខ្សែភាពយន្តនោះបានដាក់បញ្ចាំង មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមព្រះញាតិវង្ស និងមន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជាជុំវិញសិល្បៈមួយនេះ ហើយជារឿយៗ ក្រុមព្រះញាតិវង្ស និងមន្រ្តីទាំងនោះជ្រើសយកសិល្បៈភាពយន្តជាទីកំសាន្តចិន្តា ហើយព្យាយាមរៀនសូត្រពីសិល្បៈនេះក្នុងគោលបំណងថ្មីមួយ ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជាអោយពិភពលោកបានស្គាល់។ តាំងពីពេលនោះមក គេឃើញមានការចូលចិត្តពីប្រជាជនខ្មែរ ហើយរោងភាពយន្តមួយចំនួនចេញជារូបរាង ដូចជា រោងភាពយន្តអេដែន , រោងភាពយន្តភ្នំពេជ្រ , រោងភាពយន្តកាស៊ីណូ , រោងភាពយន្តតារាជាដើម។
តើភាពយន្តខ្មែរកើតក្នុងពេលណា?
ភាពយន្តខ្មែរមានកំណើតចេញជារូបរាងបានគឺ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមររតនៈកោដ្ឋ ។ នៅក្នុងព្រះកុមារភាពនៃព្រះអង្គ ព្រះមាតាព្រះបិតាព្រះអង្គ រួមទាំងព្រះអង្គផ្ទាល់ចាប់អារម្មណ៍លើវិស័យនេះខ្លាំងណាស់ រហូតដល់ព្រះអង្គបានទិញម៉ាស៊ីនថតភាពយន្តមួយទុកថា ព្រះរាជសកម្មភាពនិងការក្រសាលផ្សេងៗនៅតាមតំបន់នានាដែលព្រះយាងទៅទុកជាអនុស្សាវរីយ៍។ ព្រះទ្រង់ក៏ព្រះតម្រិះថា វិស័យនេះនិងនាំមកនូវប្រយោជន៍ជាច្រើនជូនប្រទេសកម្ពុជា ជាមួយនិងការផ្សព្វផ្សាយខ្លួនអោយពិភពលោកទាំងមូលស្គាល់ពីខ្មែរលើគ្រប់ផ្នែកទាំងអស់ ហេតុនេះហើយក្រោយពេលកម្ពុជាទទួលបានឯកសារពេញបរិបូរណ៍ រាជរដ្ឋាភិបាលកម្ពុជា ដោយមានព្រះអង្គជាព្រះប្រមុខរដ្ឋ និង ព្រះករុណាព្រះបាទសម្តេចព្រះសុរាម្រិត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈនារីរតន៍សេរីវឌ្ឈនា ព្រះរាជទានអាហារូបករណ៍ផ្នែកផលិតភាពយន្តជូនមន្រ្តីតូចធំទាំងឡាយដែលចាប់អារម្មណ៍និងស្រឡាញ់វិញនេះ។
លុះត្រាមកវិញ ព្រះអង្គបានបង្កើតផលិតកម្មមួយឈ្មោះថា ខេមរាភាពយន្ត រឺហៅជាភាសាបារាំងថា ហើយផលិតខ្សែភាពយន្តដំបូងបង្អស់រឿង ឈាមខ្មែរ នៅឆ្នាំ១៩៥៦ និងខ្សែភាពយន្តមួយទៀតឈ្មោះថា ដានព្រានល្លោះព្រិច។
![]() |
លោក សូ ហ៊ាន ក្នុងរឿងព្រលឹងផលីកម្ម ឬចំប៉ាមាសវគ្គ២ ឆ្នាំ១៩៧១ |