រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ
រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ

ផ្ទាំងផ្សព្វផ្សាយភាពយន្ត នៅឆ្នាំ១៩៦៧

..................................................................... ប្រជាជនខ្មែរគ្រប់ស្រទបគ្រប់វ័យ តែងតែរំលឹកនឹកចេះចាំរឿងព្រេងបុរាណមួយដែលហៅតគ្នាថា ព្រះលក្សិណវង្ស។ អ្វីដែលមហាជនបានស្គាល់រឿងនេះគឺមិនមែនទើបតែស្គាល់នៅក្នុងសម័យថ្មីៗនេះទេ គឺស្គាល់តាំងពីយូរណាស់មកហើយ តាមការអានសាស្រ្តា ការលេងចាប៉ី ការសម្តែងល្ខោនបាសាក់ដោយយកដំណើររឿងនេះមកបង្ហាញ។ រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរនេះ ជាប្រភេទសាស្រ្តាល្បែកបែបពុទ្ធិនិយមក្លាយហួសហេតុ នៃគម្ពីរ ៥០០០ជាតក។ រឿងនេះមានដំណើររឿងវែងឆ្ងាយ ពីវែងជីវិតនៃតួអង្គព្រះលក្សិណវង្ស។ នៅក្នុងគ្រាដែលកំពុងរស់ក្នុងកោះសន្តិភាព ក្រោមព្រះរាជមគ្គុទេសដ៏ឆ្នើមនៃសម្តេចព្រះប្រមុខរដ្ឋ ព្រះនរោត្តមសីហនុ ព្រះបិតាសិល្បៈជាតិ រឿងនេះត្រូវបានផលិតករភាពយន្តដ៏ម្នាក់គឺ លោក ឡាយ ងួនហេង បានផលិតយ៉ាងពិសេសសម្រាប់សហការផលិតកម្មវណ្ណចន្ទភាពយន្ត និងសុរិយាភាពយន្តរបស់លោក បានដាក់បញ្ចាំងជាលើកដំបូងនៅរោងភាពយន្តភ្នំពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៦៧ ។ ក្រុមព្រះសុរិយាយើងខ្ញុំបានរកឃើញឯកសារមួយចំនួនដែលទាក់ទងនិងខ្សែភាពយន្តនេះ ពិសេសគឺការឃោសនាផ្សាយភាពយន្តនេះជាភាសាខ្មែរផង និងជាភាសាបារាំងផង។ ដំណើររឿងបុរាណនេះ ចាប់ផ្តើមពីព្រះចៅក្រុងពារាណសី បន្តេញមហេរីខ្លួននិងព្រះរាជបុត្រាមួយព្រះអង្គព្រះនាម ព្រះអង្គលក្សិណវង្ស ចេញពីព្រះនគរ ដោយព្រះអង្គជឿពាក្យញ័រញុះរបស់ព្រះមហេសីទី២ជាយក្ខីក្លែងខ្លួន។ មកដល់ពាក្យកណ្តាលព្រះនាងសុវណ្ណអម្ពារ ដែលជាព្រះមាតានៃព្រះលក្សិណវង្ស ត្រូវ ក្រុងអាសូរាឆក់យកនាំទៅនគររបស់វានាក្រុងលង្កា ហើយព្រះលក្សិណវង្ស ក៏ត្រូវបានព្រះមុនីឥសីយកមកបីបាច់ថែរក្សាចិញ្ចឹមបង្ហាត់មន្តវិជ្ជការរហូតពេញវ័យ។ ព្រះអង្គម្ចាស់ស្តេចពេញវ័យកាលណាចាប់ផ្តើមមានសេចក្តីស្នេហាជាមួយនិងនាងបុទ្ធមកេសរ ដែលនៅបំរើព្រះមុនីឥសី ស្នាក់នៅជើងភ្នំហេមពានក្បែរអាស្រមព្រះមុនីឥសី។ សេចក្តីស្នេហាខុសច្បាប់តម្រាដោយកម្មរបស់អ្នកទាំងពីរព្រះមុនីឥសីរៀបចំអភិសេកអោយ។ ត្រង់ឈុតនេះ ចម្រៀងមួយបទដ៏ផ្អែមល្ហែមនៃសេចក្តីស្នេហារបស់ក្សត្រានិងនារីដ៏ស្រស់ស្អាតនេះបានកើតឡើង ក៏រាប់ថាជាបទអនុស្សាវរីយ៍មួយសម្រាប់ចងចាំខ្សែភាពយន្តនេះផងដែរ។ ក្នុងកាតព្វកិច្ចជាបុត្រកត្តូញ្ញូ ព្រះអង្គក៏លាចេញពីមហេសីទៅសង្គ្រោះរំដោះព្រះមាតាមកវិញ ដោយសុំផ្ញើមហេសីនិងព្រះមុនីឥសី។ មិនយូរប៉ុន្មានព្រះមុនីឥសីសុគតទៅ នាងបុទ្ធមកេសរត្រូវទៅរកនៅជាមួយពួកកេន្នរី។ ព្រះលក្សិណវង្សបំពេញភារះកិច្ចចប់ក៏វិលត្រឡប់មកវិញ បានជួបនិងពួកកេន្នរីទាំងនោះហើយបានរួមស្នេហារួចថ្លែងការពិតប្រាប់ពួកនាង ពួកនាងក៏បង្ហាញនាងបុទ្ធមកេសរអោយបានជួបព្រះអង្គវិញ។ ដោយពុំអាចគង់ជាមួយនិងស្រីៗនោះ ព្រះអង្គក៏នាំនាងបុទ្ធមកេសរ រត់ចេញមក ហើយនាងកេន្នរីទាំងនោះក៏ដាក់បណ្តាសារអ្នកទាំងពីរអោយនិរាសព្រាត់ប្រោសគ្នាលុះត្រានាងបុទ្ធមកេសរស្លាប់។ មកដល់ពាក់កណ្តាលផ្លូវ ព្រះលក្សិណវង្សនិងនាងព្រាហ្មណ៍បានបែកគ្នា ហើយព្រះលក្សិណវង្សបានយាងដល់នគរមួយទៀតហើយជួបនិងព្រះនាងយីស៊ុន ហើយក៏រៀបអភិសេកនិងគ្នាតែម្តង។ ចំណែកបុទ្ធមកេសរវិញ ស្វែងរកព្រះស្វាមីមិនឃើញសោះ ដើម្បីការពារសុវត្ថិភាពរបស់នាង នាងបន្លំខ្លួនធ្វើជាបុរសភេទ មាននាមថ្មីថា ព្រាហ្មណ៍កេសរ រស់នៅជាមួយនិង គ្រួសារប្តីប្រពន្ធមួយជាព្រានព្រៃ នៅរាជធានីដែលជាអ្នកបំរើព្រះមហាក្សត្រ។ ដោយអាណិតចៅព្រាហ្មណ៍ពេក បុរសជាប្តីបានយកចៅព្រាហ្មណ៍ជាប្អូនធម៌ ហើយនាំចៅព្រាហ្មណ៍ចូលព្រះបរមរាជវាំងគាល់ព្រះមហាក្សត្រជាមួយខ្លួន។ ចៅព្រាហ្មណ៍កេសរបានគាល់បំរើព្រះមហាក្សត្រដែលជាស្វាមីរបស់នាង ហើយព្រះអង្គក៏គិតថាជាមហេសីខ្លួនដែរ តែចៅព្រាហ្មណ៍ប្រកែកដោយខ្លួនមិនមែនជាស្រីទេ ព្រះអង្គក៏សុំចៅព្រាហ្មណ៍អោយធ្វើជាមហាតិកផ្ទាល់របស់ព្រះអង្គ។ យីស៊ុននិងយាយអក មានចិត្តច្រណែននិងព្រាហ្មណ៍កេសរណាស់ ដោយនាយនេះតែងទទួលនូវការពេញព្រះទ័យក្រៃលែងពីព្រះមហាក្សត្រ។ សម័យថ្ងៃមួយព្រះលក្សិណវង្សកំពុងប្រលែងជាមួយមហេសីយីស៊ុន ក៏ត្រាស់បង្គាប់អោយចៅព្រាហ្មណ៍ច្រៀងចម្រៀងកំដរព្រះអង្គ ។ នាងក៏បានលើកបទមួយយ៉ាងពិរោះហាក់ធ្វើអោយព្រះអង្គនឹកអនុស្សាវរីយ៍កាលគង់ក្នុងព្រៃរៀនសូត្រជាមួយព្រះមុនីឥសី។ .................................................................... យីស៊ុននិងយាយអកក៏ចាប់ផ្តើមរៀបឧបាយកលសម្លាប់ព្រាហ្មណ៍កេសរ ដោយសម្តែងឆាកអោយសមថាព្រាហ្មណ៍ចង់បៀតបៀនព្រះមហេសី។ ព្រះអង្គក៏ចេញបញ្ជាយកព្រាហ្មណ៍កេសរទៅកាត់ទោសកាត់ក្បាលប្រហារជាតិ ពីបទពានវាំង។ ត្រង់ឈុតបណ្តើរនាងព្រាហ្មណ៍កេសរចេញពីវាំងទៅប្រហារជីវិតនោះ ផលិតករឡាយងួនហេងបានបញ្ចូលចម្រៀងដ៏សែនពិរោះមួយបទដែលបកស្រាយដោយនាងប៉ែន រ៉ន ។ យើងខ្ញុំក្រុមព្រះសុរិយាសូមបង្ហាញជូនបទនេះដល់មិត្តអ្នកស្តាយទាំងអស់ធានាថាប្លែក ពិរោះនិងមិនដែលលឺសោះពីមុនមក ព្រោះបទនេះបានកប់បាត់ជាយូរមកហើយ ហើយនៅខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមព្រះសុរិយាយើងខ្ញុំទើបប្រទះឃើញបទនេះនៅក្នុងរ៉ូឡូដើមតែម្តង។ ....................................................... មានព្រឹត្តិការណ៍ដ៏ចម្លែកអស្ចារ្យ ដោយនាងព្រាហ្មណ៍កេសរបួងសួងសុំអោយព្រះឥន្ទជួយសង្គ្រោះ ជីវិតរបស់បុត្រនាងផង អោយប្រសូតចេញតាមទ្វារលើ ហើយព្រះលក្សិណវង្សស្តេចជ្រាបសេចក្តីទាំងអស់ ហើយយកបុត្រាមួយអង្គនោះទៅបីបាច់ថែរក្សាដោយមានយីស៊ុនជាអ្នកមើលការខុសត្រូវ។ យីស៊ុននិងម្តាយធ្វើបានបុត្រានោះណាស់ រហូតដល់ព្រះអង្គជ្រាបរឿងនេះ ចុងបញ្ចប់នៃសាច់រឿងព្រះលក្សិណវង្សនិងនាងព្រាហ្មណ៍បានជួបគ្នាជាថ្មី ដោយព្រះឥន្ទប្រោសព្រះរាជទានអោយជួបគ្នាវិញ។ ផលិតករឡាយងួនហេងបានជ្រើសរើសយក លោកគង់សំអឿន សម្តែងតួព្រះលក្សិណវង្ស នាង សុវណ្ណតារា តួស្រីថ្មីដែលមហាជនបានស្គាល់នាងតាមខ្សែភាពយន្តរឿងទឹកភ្នែកអាពាហ៍ពិពាហ៍ជាតួព្រះនាងបុទ្ធមកេសរ រឺនាងព្រាហ្មណ៍កេសរ។ លោកឡាយងួនហេងក៏មិនភ្លេចដែរ នូវតួកាចឆ្នាស់ឆ្នើមដែលសាកសក្តិរកគូប្រដូចមិនបានគឺនាង សាក់ស៊ី ស្បោង សម្តែងជាតួនាងយីស៊ុន ចំណែងលោកស្រីម៉ែម៉ឺន សម្តែងជាម្តាយយីស៊ុន ចំណែកព្រាហ្មណ៍ព្រៃវិញសម្តែងដោយ ឈួន ឆៃ ហើយតួកេសរសូរវង្សបុត្រានាព្រាហ្មណ៍កេសរសម្តែងដោយសោមបុប្ផា។ យោងតាមទស្សនាវដ្តី បានចេញផ្សាយនៅថ្ងៃទី៨ខែធ្នូ ឆ្នាំ១៩៦៧ ដែលក្រុមព្រះសុរិយាបានរកឃើញអត្ថបទមួយដែលសរសេរដោយអ្នកកាសែតជាតិបារាំងម្នាក់ឈ្មោះ លោក រឺណេឡាព័ក បានលើកតម្លៃសរសើរស្នាដៃមួយនេះ ដោយពិពរណ៍ថា រឿងព្រះលក្សិណវង្សផលិតប្រកបដោយភាពរីកចម្រើនទៅមុខមិនចាញ់ប្រទេសជឿនលឿននានាឡើយ រូបភាពច្បាស់ល្អ ស្អាតជក់ជាប់ចិត្ត ទាំងសម្លៀកបំពាក់ ទីតាំងថត បច្ចេកទេសសំឡេង និងចម្រៀងបីបទដែលដាក់បញ្ចូលទៅតាមឈុតនានានៃភាពយន្តនេះ រួមទាំងបច្ចេកទេសថតខ្ពស់ស្មានមិនដល់ រួមទាំងការសម្តែងដ៏រស់រវើកនៃតួទាំងឡាយក្នុងភាពយន្តពណ៍ធម្មជាតិមួយនេះ។ ពិតណាស់ មកដល់ពេលនេះយើងខ្ញុំក្រុមព្រះសុរិយានៅមិនទាន់រកឃើញភាពយន្តនេះនៅឡើយទេ ប៉ុន្តែក្រុមព្រះសុរិយាយើងខ្ញុំបានជួបនិងសាក្សីជាច្រើនដែលជាទស្សនជននៃភាពយន្តនេះនៅតែចងចាំក្នុងបេះដូងរបស់ពួកគាត់ជានិច្ច បើកាលលឺចម្រៀងណាមួយនៅក្នុងខ្សែភាពយន្តនោះ។ ថ្វីបើពួកគាត់ពុំបានទស្សនាភាពយន្តនេះអស់រយះពេលជាង៤០ឆ្នាំក្តី តែពួកគាត់នៅតែចងចាំជានិច្ចតែកាលណាលឺសូរចម្រៀងណាមួយក្នុងចំនោមចម្រៀងទាំងបីនៃភាពយន្តនេះ ។ ការចងចាំនេះក៏ដោយសារតែស្នាដៃមួយនេះល្អផូរផង់ជាតម្លៃមួយយ៉ាងធំសម្រាប់ដាក់ក្នុងបេះដូងរបស់ពួកគាត់។ លោកស្រី សរ ធានី បានរំលឹកថា លោកស្រីនៅចងចាំមិនភ្លេចនូវចម្រៀងដ៏ពិរោះនៃខ្សែភាពយន្តនេះដែលធ្វើអោយលោកស្រីនឹកឃើញខ្សែភាពយន្តនេះទោះបីកន្លងទៅរាប់សិបឆ្នាំក៏ដោយ។ អ្វីដែលលោកស្រីនៅចាំថែមទៀតនោះគឺលោកស្រីបានទៅមើលការថតភាពយន្តមួយឈុតនៅក្នុងស្ទើឌីយ៉ូរបស់ផលិតកម្មសុរិយាទៀតផង។ .......................................... ចំណែកលោកស្រី ណារី ជាអតីតគ្រូបង្រៀននៅតំបន់ភ្នំបាសិតបានរំលឹកប្រាប់ក្រុមអ្នកស្រាវជ្រាវយើងថា ស្ទើរតែគ្រប់ឈុតទាំងអស់លោកស្រីនៅចងចាំគ្មានភ្លេច ហើយរឿងនេះលោកស្រីបានទស្សនានៅរោងភាពយន្តអេដែននាក្រុងបាត់ដំបង។ ខ្សែភាពយន្តនេះបានធ្វើអោយមហាជនស្ងើចសរសើរមិនដាច់គឺឈុតកាត់ក ហើយចេញកូនតាមករតែម្តង មួយវិញទៀត លោក នៅតែចងចាំថាភាពយន្តនេះកំសត់ពេកក្រៃ នៅពេលដែលនាងព្រាហ្មណ៍កេសរត្រាច់រង្គតតាមរកព្រះស្វាមីឆ្លងកាត់ព្រៃភ្នំ គ្រាំថ្ម រាប់យោជន៍ ហើយត្រូវជួបនាងយីស៊ុននិងម្តាយដែលមានចិត្តអតិរិថីទៀតនោះ ។ លោកអុំនៅចងចាំមិនភ្លេចនូវការសម្តែងរបស់នាងសាក់ស៊ីស្បោង សម្តែងតួកាចរកអ្វីប្រៀបមិនបាន ហាក់ដូចរឿងរ៉ាវជីវិតពិតៗ រហូតដល់អ្នកទស្សនាស្រែកជេរពេញរោងភាពយន្ត។ ............................................................... ក្រុមព្រះសុរិយាយើងខ្ញុំសង្ឃឹមថា យើងខ្ញុំនិងរកឃើញខ្សែភាពយន្តមួយនេះក្នុងដំណើរបេសកកម្មភាពយើងដើម្បីរក្សាទុកជាមរតកសម្រាប់ប្រជាជាតិទាំងមូល។
រក្សាសិទ្ធដោយ ៖ ក្រុមព្រះសុរិយា
Comments
Post a Comment