ប្រវត្តិនាងហួយ មាស (ភាគ១)
ប្រវត្តិនាងហួយ មាស (ភាគ១)
![]() |
នាង ហួយ មាស |
មាស មេត្រី ជារហស្សនាមរបស់សិល្បការិនី ហួយ មាសដែលតែងតែនាងចេញពីវិទ្យុជាតិក្នុងនាទីកំសាន្តនាសម័យសង្គមរាស្រ្តនិយមនិងសាធារណៈរដ្ឋខ្មែរ។ សព្វថ្ងៃនេះ មរតកស្នាដៃរបស់មាស មេត្រីនៅតែបំរើអារម្មណ៍មហាជនជាច្រើនជំនាន់មកហើយ បើទោះជារូបកាយពិតនៃនាងបានរលាយបាត់ពីផែនដីនេះតាំងពីសម័យខ្មែរក្រហមម្ល៉េះ។ សិល្បការិនីរូបនេះត្រូវបានគេចាត់ទុកថា ជាសិល្បករពហុជំនាញ ដោយនាងអាចបំពេញតួនាទីជាច្រើនក្នុងវិស័យសិល្បៈដូចជា វិស័យចម្រៀង , ភាពយន្ត , ល្ខោននិយាយ , ការនិពន្ធ , ការអធិប្បាយ , ពិធីករ , អ្នកអានព័ត៌មាន និងអ្នកសម្រួបសម្រួលកម្មវិធី ។ ដើម្បីរំលឹកស្នាដៃជាច្រើនរបស់សិល្បការិនីរូបនេះ ក្រុមព្រះសុរិនិងរៀបរាប់អំពីប្រវត្តិរបស់នាង និង ស្នាដៃចំបងៗជាច្រើនដែលលោកស្រីបានកសាង។ នាង ហួយ មាស កើតនៅថ្ងៃទី៦ខែមករា១៩៤៦ នៅស្រុកចម្ការសំរោង ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់អ្នកស្រីឈ្មោះ ហួយយ៉ុត មុខរបរជាបុគ្គលិកស្ថានីយអយស្ម័យយានបាត់ដំបង និងម្តាយឈ្មោះ ប៊ុតជិន ជាមេផ្ទះ។ អ្នកស្រីហួយមាសជាកូនស្រីពៅនៃបណ្ដាកូនទាំងបី។ នៅដើមឆ្នាំ១៩៦៣ ពេលនាងរៀននៅឆ្នាំទីបួនក្នុងអនុវិទ្យាល័យដែលជាថ្នាក់ត្រៀមប្រឡងឌីប្លូម លោកឪពុករបស់ខ្ញុំត្រូវគេអញ្ជើញ ឱ្យទៅចូលរួមជាគណៈកម្មការវេទិការៀបចំពិធីបុណ្យសមាជជាតិនៅវាលមេរុបាត់ដំបង។ ពេលនោះ លោកឪពុករបស់ខ្ញុំ បានស្នើសុំយកយុវតីហួយមាសទៅជួយកិច្ចការរបស់លោកនៅលើវេទិកាបុណ្យ ដ្បិតលោកធ្លាប់ស្គាល់នូវទឹកដមសម្ដីនិងទេពកោសល្យ ខាងសូត្រធម៌និងកំណាព្យរបស់យុវតី។ ក្នុងពេលប្រារព្ធពិធីបុណ្យជាតិទាំងបីថ្ងៃនោះ ទឹកដមសំនៀងនិងទេពកោសល្យ របស់យុវតី ហួយមាសបានកន្រ្តាក់អារម្មណ៍ទស្សនិកជនទាំងឡាយនៃខេត្តបាត់ដំបងឱ្យភ្ញាក់ផ្អើលក្រៃលែង។ ពេលនោះ លោកឪពុករបស់ខ្ញុំបាន នាំយុវតីទៅចុះឈ្មោះចូលប្រកួតផែ្នកចម្រៀងសម័យ ដើម្បីបង្ហាញនូវទេពកោសល្យពិសេសថ្មីមួយ បន្ថែមទៀតផង។ កាលនោះ យុវតី យើងត្រេកអរណាស់បានឡើងច្រៀងបទ រាត្រីសូម៉ា ជាបទចម្រៀង របស់អ្នកស្រីម៉ៅ សារ៉េត។ ............................................................................................. នាង ហួយ មាស បានដើរលើវិស័យសិល្បៈនេះតាមរយៈលោក អ៊ឹង សុងសឺម ដែលជារៀមច្បងមានស្រុកកំណើតដូចគ្នានេះនាង។ មកដល់ភ្នំពេញដំបូងក្នុងចុងឆ្នាំ១៩៦៣ នាងបានចូលបម្រើការក្នុងវង់តន្រ្តីវិទ្យុជាតិ ក្នុងនាមជាអ្នកចម្រៀង គេបានលឺសំឡេងរបស់នាងតាមរយៈរលកវិទ្យុជាតិក្នុងនាទីចម្រៀងកំសាន្តថ្ងៃត្រង់ ជាចង្វាក់រាំវង់ ក្រោយមកនាងក៏បានច្រៀងថតដាក់ថាសផងដែរ តមកនាងបានច្រៀងចម្រៀងជាច្រើនគ្រប់ប្រភេទ។ ដោយទេពកោសល្យនិងចំណេះដឹងរបស់នាងមានច្រើនទៀត នាងត្រូវបានលោកម៉ា ឡៅពី លោកពៅ យូឡេង បញ្ជូនអោយទៅសម្តែងជាអ្នកអត្ថាធិប្បាយ កម្មវីធីចម្រៀងសម័យ កម្មវិធីល្ខោននិយាយ កម្មវិធីវប្បធម៌ កម្មវិធីសិក្សាផងដែរជាដើម។ នៅពេលនោះ នាងបានដើរតួ បញ្ចូលសំឡេងជាមួយលោកមាសគក លោកឃុនប៉ុល អ្នកស្រីយក់ កែម ក្នុងល្ខោននិយាយតាមវិទ្យុ រៀងរាល់ចុងសប្តាហ៍។
រក្សាសិទ្ធដោយ៖ ក្រុមព្រះសុរិយា
Comments
Post a Comment