រឿង អរុណអកក្ខរា

រឿង អរុណអក្ខរា

ក្របសៀវភៅ ប្រលោមលោកខ្មែរ 

វណ្ណកម្មមួយដែលយើងគួរតែរំលឹកនិងមិនអាចបំភ្លេចបានចំពោះមហាទស្សនិកជនខ្មែរដែលធ្លាប់ បានទស្សនាខ្សែភាពយន្តរឿង ស្រមោលអក្ខរា ។ ខ្សែភាពយន្តនេះមានឈ្មោះល្បីល្បាញខ្ទ័រខ្ទារពោព្រះរាជាណាចក្រកម្ពុជានៃសម័យសង្គមរាស្រ្តនិយម ដែលប្រកបដោយភាពល្អវិសេសវិសាល មានគំនិតអប់រំ និង ការតស៊ូវណ្ណៈយ៉ាងប្តូរផ្តាច់គួរអោយសិក្សា។ ស្រមោលអក្ខរា បានចេញផ្សាយជាប្រលោមលោកមុនពេលភាពយន្តនេះដាក់បញ្ចាំងលើរោងភាពយន្ត។ ស្នាដៃដ៏វិសេសវិសាលនេះបានកើតចេញពីទឹកខ្មៅដ៏សំរិតសំរាំងនៃកវី ប៊ីវ ឆៃលាង ហើយលោកបានយកស្នាដៃមួយនេះទៅផលិតជាខ្សែភាពយន្តអស់ក្នុងរយៈពេល៦ខែ ហើយបានបង្ហាញខ្លួនជាលើកដំបូង នៅលើផ្ទាំងសំពត់សនៃរោងភាពយន្តហាវៃ នាដើមខែវិច្ឆិកា ឆ្នាំ១៩៦៥។ .......................................................................... ស្រមោលអក្ខរាបានរៀបរាប់អំពី ជីវិតរបស់តួអង្គឯកពីរដួងគឺអរុណ និង អក្ខរា នៅលើទឹកដីកំពតដ៏ស្រស់ឆើតឆាយ។ ក្នុងគ្រួសារប្រកាន់វណ្ណៈហួសហេតុបានធ្វើអោយអ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នាទាំងមនោសញ្ចេតនាត្របាញ់ចូលគ្នាលុះដល់ថ្ងៃស្លាប់។ អរុណនិងអក្ខរាធ្លាប់ចារឹកឈ្មោះគ្នាលើថ្ម ដោយបេះដូងដ៏ស្រស់ថ្លារបស់ពួកគេ តាំងពីកុមារភាពដល់ពេលពេញវ័យអក្ខរាស្គាល់តែបុរសអរុណតែម្នាក់គត់ដែលល្អជាងគេលើលោក។ អក្ខរា ជាកូនស្រីមួយរូបដែលប្រកបដោយការគោរពនិងសេចក្តីថ្លៃថ្នូរចំពោះអ្នកមានគុណ។ នាងប្តេជ្ញាក្លាយជាស្រ្តីគំរូសម្រាប់ជាតិស្រ្តី ដោយរៀបការជាមួយនិងបុរសដែលខ្លួនមិនស្រឡាញ់ តែជាទីពេញចិត្តនៃអ្នកមានគុណរបស់នាង។ នៅក្នុងនោះផលិតករ ប៊ីវ ឆៃលាង បានរំលេចបទចម្រៀងដ៏សែនពិរោះបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាងមហាសាគររបស់នាងអក្ខរា ។ ..........................ចម្រៀង....................... រយះពេលជាង១ម៉ោង មហាជនទទួលនូវអារម្មណ៍រំភើប រីករាយ កំសត់ ស្រក់ទឹកភ្នែក គួរអោយអាឡោះអាល័យ ដោយបិទបញ្ចប់នៃផ្ទៃរឿង អក្ខរាបានលាលោកនេះទៅទាំងមិនបានជួបមុខអរុណ ហើយអរុណបានអោបស្រមោល អក្ខរាក្នុងបេះដូងជានិច្ចរហូតដល់រូបគេស្លាប់នៅកន្លែងចារឹកឈ្មោះរបស់ពួកគេ។ ខ្សែភាពយន្តដ៏វិសេសវិសាលនេះរួមសម្តែងដោយ តារាភាពយន្តដ៏មានទេពកោសល្យក្រោមការបង្ហាត់បង្ហាញពីផលិតករយើង រួមមាន ៖ - លោក មាស សំអ៊ែល (សិល្បករនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) សម្តែងជាតួឯក អរុណ - នាង ហួត ថោងយួង (ហៅពេជ្រកំញ៉ាណរតន៍) សម្តែងជាតួឯកនាងអក្ខរា។ - លោក គង់ សំអឿន សម្តែងជាតួរងលោកវេជ្ជបណ្ឌិតសំអុល បុរសចិត្តពីរ - នាង សាក់ ស៊ីស្បោង សម្តែងជាតួនាងបូផល នារីទីក្រុងដ៏ស្រស់ឆើតឆាយព្យាយាមទាក់ទងបេះដូងកម្លោះចម្ការអរុណ។ យោងតាមការចុះផ្សាយមួយក្នុងទស្សនាវដ្តី បានបង្ហាញអំពីចំណុចល្អជាច្រើនរបស់ខ្សែភាពយន្តនេះលើចំនុចជាច្រើនទាំងដំណើររឿងដ៏ប្លែកមិនដែលបានជួបប្រទះពីមុននេះ ដែលគេបានចាត់ទុកថា ប្រៀបដូចរឿងជីវិតពិត, ការថតដោយបច្ចេកទេសខ្ពស់ ហើយបានផ្តិតយកសោភណភាពនៅទីជនបទនៃទឹកដីខេត្តកំពត ដែលអាចទិញបេះដូងអ្នកទស្សនាបាន។ ទន្ទឹមនេះគេក៏បានសរសើរអំពីការសម្តែងយ៉ាង រស់រវើករបស់តួសម្តែងទាំងនោះដែលអាចបញ្ចូលជាតួបែបអន្តរជាតិបាន។ ស្តាយណាស់ មកដល់ពេលនេះ ខ្សែភាពយន្តរឿងស្រមោលអក្ខរា យើងមិនទាន់ឃើញមានដំណឹង អំពីការនៅសេសសល់ឡើយ។ អរុណ ជាកូនកំព្រាឪពុកតាំងពីអាយុ៥ឆ្នាំ រូបគេរស់នៅបំរើគេជាមួយនិងម្តាយពិការភ្នែកទាំងសង នៅក្នុងផ្ទះស្រ្តីមេម៉ាយម្នាក់ឈ្មោះ ឆាយ៉ា ដែលជាមនុស្សប្រកាន់វណ្ណៈយ៉ាងតឹងតែងបំផុត។ លោកស្រី ឆាយ៉ា មានរបរជាច្រើននិងមានទ្រព្យសម្បត្តិហូរហែ តែរូបគាត់ត្រូវមើលថែកូនស្រីដ៏ស្រស់ស្អាតឈ្មោះ អក្ខរា ។ អរុណ ជាអ្នកថែដំណាំដាំផ្កា ដាំបន្លែ និង រៀបចំសួនបន្លែរបស់លោកស្រី ឆាយ៉ា ហើយរូបគេនិងម្តាយរស់នៅក្នុងខ្ទមតូចមួយ នៅជំហៀងផ្ទះរបស់លោកស្រី ឆាយ៉ា ។ ជារៀងរាល់ថ្ងៃកុមារី អក្ខរា និង កុមារា អរុណ តែងលួចមើលមុខគ្នា និងញញឹមដាក់គ្នាបេះដូងរាបបរិសុទ្ធ ហើយពួកគេតែងតែលួចរត់លេងជាមួយគ្នា បើទោះបីជាលោកស្រីឆាយ៉ាបានដាក់បំរាមមិនអោយអក្ខរារាប់អានអរុណក៏ដោយ។ លោកស្រី ឆាយ៉ា បានយកអក្ខរាទៅរៀននៅសាលានាដើមភូមិចម្ងាយជាង២គីឡូ លុះល្ងាចឡើងទើបលោកស្រីទៅយកនាំត្រឡប់មកវិញ។ ជារៀងរាល់ព្រឹក អរុណតែងតែមើល អក្ខរាចេញទៅរៀន ហើយរង់ចាំមើលអក្ខរាត្រឡប់មកផ្ទះវិញនាពេលល្ងាច។ ពេលល្ងាចមួយអរុណអង្គុយចាំមើលផ្លូវអ្នកនាងតូចរបស់ខ្លួនតែពុំឃើញសោះ ឃើញតែ លោកស្រីឆាយ៉ានៅក្នុងផ្ទះជជែកការងារជាមួយអ្នកមានមកពីទីក្រុង។ រង់ចាំបាត់ ចាំបាត់ ព្រះសុរិយាជិតលិចទៅហើយ អក្ខរាមិនឃើញវិលវិញទៀត អរុណក៏រត់ទៅរកនាងនៅសាលា។ ទៅដល់ឃើញអក្ខរា អង្គុយយំចាំមើលផ្លូវម្តាយ អរុណបាននាំអក្ខរាមកផ្ទះវិញ តាមផ្លូវកាត់ដោយឆ្លងអូរព្រែកព្រៃជាច្រើនកន្លែង ជិតដល់ផ្ទះព្រះសុរិយាគងព្រៃទៅហើយ អរុណបាននាំអក្ខរាទៅមើលផ្ទាំងថ្មមួយដែលខ្លួនបានឆ្លាក់រូបនាង ។ អក្ខរាញញឹម ហើយយកដីសរបស់ខ្លួន គូលើផ្ទាំងថ្មនោះ ស្រាប់តែឃើញរូបនាងកាន់តែច្បាស់ជាមួយនិង អក្សរថា អរុណអក្ខរា។ ដោយមេឃកាន់តែយប់ទៅហើយ អរុណបាននាំអក្ខរាមកផ្ទះវិញ។ ម្តាយរបស់អក្ខរាខឹងខ្លាំងណាស់ដោយគាត់ទៅយកនាងនៅសាលាហើយបាត់មិនឃើញនាងខំប្រាប់អ្នកភូមិអោយជួយ រក។ លោកស្រីឆាយ៉ាសួរទៅកាន់អរុណថា ឯងទៅណា? អរុណឆ្លើយថាខ្ញុំទៅយកអ្នកនាងនៅ សាលា។ លោកស្រីឆាយ៉ាទាញរំព័ទ្ធផ្តៅវែងវាយលើអរុណបែកឈាម អរុណស្រែកយំរហូតលឺ ដល់ម្តាយពិការភ្នែកដែលសំងំឈឺនៅលើគ្រែ។ អរុណវិលមកជួបម្តងវិញ ហើយប្រាប់ម្តាយតាមដំណើររឿង ម្តាយបានអប់រំកូនកុំអោយប្រឡូកប្រឡាក់និងពាក់ព័ន្ធជាមួយអក្ខរាដែលជាកូនស្រីរបស់លោកស្រីឆាយ៉ាម្ចាស់ខ្លួន។ រយះពេលចេះតែកន្លងផុតទៅ ជញ្ជាំងវណ្ណៈដាក់កាន់តែខ្ពស់ៗទៅ អរុណនិងអក្ខរា ព្យាយាមមកជិតគ្នា ដើម្បីស្តាប់ភាសាដួងចិត្តរបស់ពួកគេ។ រយះពេល១០ឆ្នាំមកដល់ អរុណនិងអក្ខរា ពេញរូបពេញរាង រាងខ្លួន វណ្ណៈជីវិតនៅតែកម្រិត ដោយអរុណពុំមានវាសនាជជែកជាមួយអក្ខរាអោយពេញមុខពេញមាត់បានឡើយ តែអរុណយល់ថា ពិភពលោកនេះមានតែអក្ខរាម្នាក់គត់ដែលជាមនុស្សស្រីដ៏អស្ចារ្យសម្រាប់រូបគេ។ ថ្ងៃមួយផ្ទះអ្នកជិតខាងដែលនៅជិតរបងជាមួយនិងផ្ទះលោកស្រីឆាយ៉ា បានធ្វើពិធីជប់លៀងមួយដោយមានបងប្អូនមកពីទីក្រុង មានទាំងកម្លោះក្រមុំយ៉ាងច្រើនកុះករ។ អរុណកំពុងធ្វើការបណ្តើរលួចមើលរូបឆោមអ្នកទីក្រុងបណ្តើរ អរុណពិចារណាឡើងថា អ្នកទីក្រុងមានរូបឆោមល្អៗសង្ហាៗស្អាតៗណាស់ ខុសពីរូបរបស់គេដែលជាកូនអ្នកស្រែក្រីក្រ។ នៅល្ងាចឡើង តន្រ្តីបានប្រគុំយ៉ាងពិរោះ ធ្វើអោយបរិយាកាសរីករាយក្រៃលែង។ អរុណធ្វើការបណ្តើរ ស្តាប់ភ្លេងបណ្តើរ ឯអក្ខរាវិញជានារីដែលរស់នៅក្នុងតែក្នុងផ្ទះពេលពើបប្រទះទិដ្ឋភាពបែបនេះនាងរំភើបក្នុងចិត្តក្រៃ។ នាងចេញពីបន្ទប់ឈរលើស្រយ៉ាប់ផ្ទះរបស់នាងមើល អ្នកទាំងក្រុងរាំច្រៀងយ៉ាងរីករាយតាមចង្វាក់ប្រពៃណីខ្មែរ និងចង្វាក់សកល។ អក្ខរាក៏តោងមែកស្វាយយល់យោគតាមចង្វាក់ភ្លេងថែមទៀត រហូតដល់មែកស្វាយនោះបាក់ធ្លាក់នាងចុះពីមកដីចូលរបងផ្ទះអ្នកជិតខាង បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អក្ខរារបួសស្រាលដោយធ្លាក់ទៅលើចំបើងដែលគេដាក់ក្បែររបង។ ម្តាយនាងភ័យណាស់រត់ចេញទៅមើលទាំងតក់ស្លុក ឯអរុណវិញដាក់សម្ភារៈដំណាំចុះស្ទើរចូលទៅមើលនាង។ ជាចៃដន្យ ក្នុងចំនោមអ្នកទីក្រុងទាំងនោះ មានវេជ្ជបណ្ឌិតរូបសង្ហាម្នាក់ឈ្មោះ សំអុល ។ សំអុលបានស្ទុះប្រញាប់ប្រញាល់ទៅជួយសង្គ្រោះនាងភ្លាមៗរហូតដល់នាងដឹងខ្លួនវិញ។ រស្មីស្នេហាបានបាញ់ភ្លាមៗ ធ្វើអោយសំអុលចាប់ផ្តើមប្រតិព័ទ្ធលើអក្ខរា នៅខណះដែលបូផលចាប់ចិត្តលើចរិយាមារយាទរបស់អរុណ។ ជាញឹកញាប់សំអុលនិងបូផលតែងមកលេងផ្ទះឪមារបស់គេ ហើយឆ្លៀតមកសួរសុខទុក្ខ ដោយចិត្តរាប់អានជាមួយគ្រួសារលោកស្រីឆាយ៉ា ហើយសំអុលព្យាយាមប្រលោមសុំស្នេហាពីអក្ខរា តែអក្ខរាមិនខ្វាយខ្វល់អំពីរូបសំអុលឡើយ ចំណែកអរុណក៏ប្រងើយកណ្តើយនិងបូផល ព្រោះរូបគេស្នេហាតែអក្ខរាមួយទេ។ ថ្ងៃមួយសំអុលនាំម្តាយនិងឪពុកមកស្តីដណ្តឹងអក្ខរា ម្តាយអក្ខរាដោយឃើញគ្រួសាររបស់លោកវេជ្ជបណ្ឌិតសំអុលមានទ្រព្យសម្បត្តិច្រើនអនេក រូបគាត់ក៏សម្រេចចិត្តលើកអក្ខរាអោយទៅសំអុលដោយឥតសួរចិត្តកូនស្រីឡើយ។ វេលាថ្ងៃមួយ អក្ខរាចុះពីលើផ្ទះមកជួបអរុណនៅក្បែររបងផ្ទះរបស់នាង ដោយនាងនិយាយប្រាប់ថា ម្តាយនាងអោយនាងរៀបការនិងសំអុលហើយ នាងមិនស្រឡាញ់សំអុលបន្តិចសោះឡើយ នាងមានតែអរុណ ម្នាក់ប៉ុណ្ណោះក្នុងបេះដូងនាង តែនាងត្រូវរៀបការជាមួយនិងសំអុលនាពេលឆាប់ៗនេះ អរុណហាក់អស់សង្ឃឹមកាន់តែខ្លាំង នាងអក្ខរាយំហើយច្រៀងបទបំណុលស្នេហា។ ថ្ងៃរៀបការរបស់អក្ខរានិងសំអុលបានមកដល់ ពិធីនេះរៀបចំយ៉ាងអឹកធឹក។អរុណបានលាម្តាយ លាចេញពីទឹកដីដែលគេចាំមិនភ្លេចទៅផ្សងជីវិតថ្មីមានចម្រៀងបទស្រមោលអក្ខរា ដោយអរុណត្រាច់រង្គតមករស់នៅក្នុងទីក្រុងវិញ។ ចំណែកនាងអក្ខរាត្រូវសំអុលនាំមករស់នៅផ្ទះវីឡារបស់គេនៅក្នុងក្រុងភ្នំពេញ។ មកដល់ភ្លាម សំអុលបាននាំនាងដើរមើលគ្រប់កន្លែងក្នុងវីឡារបស់ខ្លួន ជាចៃដន្យសំអុលបានបើកទ្វារចំបន្ទប់របស់អយុទ្ធដែលជាភរិយាពិបាកអង្គុយលើរទេះរង់ចាំការមេត្តាពីសំអុល ។ បើកទ្វារភ្លាមៗអយុទ្ធស្រែកហៅសំអុល ហើយសំអុលភ្ញាក់ព្រើតហើយបិទទ្វារវិញយ៉ាងប្រញាប់។ អក្ខរាឆ្ងល់ណាស់ក៏សួរទៅសំអុល សំអុលក៏ប្រាប់ថានេះជាប្រពន្ធដើមរបស់ខ្លួន ទឹកភ្នែករាប់ម៉ឺនដំណាក់បានស្រក់ចេញពីនេត្រារបស់អក្ខរា ហើយនាងពោលថា ហេតុម្តេចបានជារៀបការជាមួយនាងធ្វើអី បើលោកមានប្រពន្ធរួចទៅហើយ។ សំអុលថា អយុទ្ធពុំអាចផ្តល់សេចក្តីសុខអោយនាងបានឡើយ ហើយពុំអាចមានកូនបានដែរ។ អក្ខរាចូលទៅក្នុងបន្ទប់ហើយបិទទ្វារយំសោកតែឯង ។ ដោយមិនឃើញអក្ខរាមកទទួលទានអាហារពេលល្ងាចជុំគ្នា ម្តាយសំអុលសួរ នាំ សំអុលបានរៀបរាប់ថាខ្លួនច្រឡំប្រាប់ពីអាថ៌កំបាំងរបស់ពួកយើង។ ម្តាយសំអុលទៅលួង លោមអក្ខរានៅក្នុងបន្ទប់អំពីហេតុផលផ្សេងៗ នាងក៏ប្តូរបរិយាកាស តែនាងចិញ្ចឹមចិត្តស្អប់ សំអុលជានិច្ច។ មិនយូរប៉ុន្មាន អក្ខរាមានទំងន់ ហើយក៏សម្រេចចិត្តមករស់នៅផ្ទះរបស់នាងវិញ តែសំអុលនៅតែចេញចូលជានិច្ច ។ ថ្លែងពីអរុណវិញ ក្រោយពីចេញពីបានក្លាយជាឈ្នួលធ្វើរថយន្តក្នុងផ្ទះចៅកែចិនម្នាក់ ដែលមានចិត្តសន្តោសប្រពៃ។ ដោយសេចក្តីល្អ និង ការអន់ធន់របស់អរុណ លោកថៅកែចិននោះបានសម្រេចចិត្តលើកប្អូនស្រីរបស់ខ្លួនឈ្មោះហួយអេង អោយជាគូស្នេហានិងអរុណ ។ អរុណក៏ព្រមទទួលយកនាងជាភរិយា។ រស់នៅជាមួយគ្នាបានមួយរយៈ ថ្ងៃមួយហួយអេង ត្រូវជនអន្ធពាលចាប់យកទៅធ្វើបាប អរុណដឹងរឿងនេះក៏ទៅជួយនាង តែអ្វីទាំងអស់បានបាត់បង់ទៅសល់តែដង្ហើមចុងក្រោយរបស់ហួយអេង ហើយអរុណត្រូវជនទាំងនោះចាក់ចំដើមទ្រូងរង របួសជាខ្លាំង ហើយសន្លប់បាត់ទៅ។ បងថ្លៃរបស់អរុណបានយកសពរបស់ហួយអេងទៅធ្វើ បុណ្យ ហើយយកអរុណទៅពេទ្យនៅមន្ទីរពេទ្យ។ ពេលអរុណដឹងខ្លួនវិញ អរុណសម្រេចចិត្ត ចាកចេញពីមន្ទីរពេទ្យ ដោយមិនចង់ព្យាបាលរបួសអោយរស់នៅបន្តទៀតឡើយ។ អរុណបានធ្វើដំណើរទៅផ្ទះរបស់អក្ខរា ។ ទៅដល់ទីនោះ អរុណឃើញមនុស្សជាច្រើនឆោឈរទៅមកៗ មិនឃើញអក្ខរាសោះ កំពុងតែរកមើលអក្ខរា បងញឹបអ្នកបំរើលោកស្រីឆាយ៉ាដើរមករកអរុណដោយញញឹម។ អរុណសួររកអក្ខរាដោយទទូចសុំជួបនាង តែបងញឹបថា ពេលនេះអ្នកនាងអក្ខរាកំពុងឈឺពោះឆ្លងទន្លេ ដូច្នេះរូបគេពុំអាចចូលទៅបានឡើយ រង់ចាំអោយរួចរាល់សិន។ ពេលវេលាកាន់តែយប់ទៅៗ ដំបៅលើទុ្រងរបស់អរុណកាន់តែហូរឈាមឡើងៗ ដោយអំណាចនៃសន្សើមធ្លាប់អរុណរងាញាប់ញ័រដោយកូនសត្វ ហើយសន្លប់បាត់ស្មារតីទៅ។ អរុណភ្លាមពីសន្លប់ដោយសូរសំរែកទារក។ អរុណស្ទើរឡើងទាំងឈឺចាប់ដកដង្ហើមមិនដល់គ្នា។ អរុណដើរចូលទៅ ជួបបងញឹប បងញឹបថា អ្នកនាងកើតបានកូនប្រុសមួយ តែនាងបានស្លាប់បាត់ទៅហើយ ហើយមុននិងស្លាប់នាងហៅឈ្មោះ បងអរុណ ជាចុងក្រោយ។ អរុណលែងបោះជំហានទៅមុខ ហើយថយក្រោយទៅវិញ ហើយដើរឆ្ពោះទៅរកថ្មដែលខ្លួនបានចារឹករូបអក្ខរានៅទីនោះ។ អរុណបានស្លាប់លើផ្ទាំងថ្មនោះ។ វិញ្ញាណអ្នកទាំងពីរបានជួបគ្នា នៅលើឋានសួគ៌។
រក្សាសិទ្ធដោយ ៖ ក្រុមព្រះសុរិយា

Comments

Popular posts from this blog

រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ

រឿងកុលាបប៉ៃលិន

រឿង នាងចន្ទកេសី រឺ ជៀវគុណចន្ទកេសី