ប្រវត្តិ លោក អ៊ឹម សុងសឺម
លោក អ៊ឹម សុងសឺម
លោក អ៊ឹម សុងសឺម កើតនៅឆ្នាំ១៩៤៣ នៅភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានបទប្អូនបង្កើត៨នាក់ ឪពុកលោកមានឈ្មោះថា អ៊ឹម ស៊ាន ម្តាយឈ្មោះ តាន់ សឿន។ លោកជាអតីតសិស្សនៅអនុវិទ្យាល័យ អ៊ាប ឃុត និង វិទ្យាល័យព្រះមុនីវង្ស ដល់ឆ្នាំទី៣ទំនើប ។ នៅដើមឆ្នាំ១៩៦៣ លោកបានប្រលងជាប់លេខមួយផ្នែកចម្រៀងប្រចាំខេត្តបាត់ដំបង ជាមួយនិងសិល្បការិនីប៉ែន រ៉ន ហើយលោកចូលរៀននៅរង្គសាលស្ទឹងខៀវ ហើយលោកបន្តអាជីពចម្រៀងនេះដោយចូលក្នុងវង់តន្រ្តីឃោសនាការ នៅរាជធានីភ្នំពេញ ដោយលោកបានរៀនសូត្រផ្នែកតូរ្យតន្រ្តីនេះតាំងពីរៀននៅអនុវិទ្យាល័យមកម្ល៉េះ។ លោកមានចំណេះដឹងផ្នែកសិល្បៈច្រើន ទាំងផ្នែកភ្លេង និង ការនិពន្ធ។ ចម្រៀងល្បីៗរបស់លោកមានច្រើនសន្ធឹក ហើយបទខ្លះត្រូវបានគេយកមកច្រៀងក្រោយទៀតដូចជាបទ រំដួលក្រចេះ , បទ រំដួលបុប្ផា , បទ ផ្កាកូលាប , បទ ឆ្នាំមុន , បទ បក្សីក្ខោកមាស ជាដើម។ យើងសូមលើកយកបទល្បីល្បាញនៅកំឡុងឆ្នាំ១៩៦៣របស់លោក គឺបទរំដួលក្រចេះ ដែលជាស្នាដៃនិពន្ធបទភ្លេងដោយ លោក នូ ញ៉ុង ទំនុកច្រៀងដោយ លោក ម៉ាឡៅពី។ បទនេះរៀបរាប់អំពីបវរកញ្ញាលេខមួយរូប ឈ្មោះ ឌី យ៉ាត ដែលជាបវរកញ្ញាប្រចាំខេត្តក្រចេះ ហើយក្រោយមកបវរកញ្ញារូបនេះបានទទួលឋានៈជាអ្នកម្នាងនៃសម្តេចមហិស្សរានរោត្តម ចក្រពង្ស។ ក្រៅពីច្រៀងសម្រាប់ផ្សាយនៅក្នុងវិទ្យុជាតិ លោកក៏ធ្លាប់ច្រៀងចម្រៀងដាក់បញ្ចូលក្នុងខ្សែភាពយន្តផងដែរដូចជា បទ កន្សែងនិស្ស័យ ដាក់បញ្ចូលក្នុងភាពយន្តរឿង អន្លង់វាសនា , បទ សម្បថតលើខ្នងភ្នំ , ស្រមោលជីវិត ជាដើម។ ក្រោយពីមានកេរ្តិ៍នាមល្បីល្បាញហើយ លោកធ្លាប់ច្រៀងចម្រៀងជាមួយដៃគូស្រីល្បីដូចជា ៖ លោកស្រី ហួយ មាស , លោកស្រី ឈុន វណ្ណា , លោកស្រី រស់ សេរីសុទ្ធា , អ្នកស្រី ប៉ែន រ៉ម , ជាដើម។ ក្នុងនោះមានបទល្បីៗជាច្រើនដូចជា បទ ទៅហើយមកវិញជាដើម។ លោក អ៊ឹម សុងសឺមបានទទួលមរណភាពនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៧២ វេលាម៉ោង១៧និង៣០នាទី នៅគេហដ្ឋានរបស់លោកនាទឹកដីខេត្តបាត់ដំបងដោយរោគមហារីកក្រពះ។ បទចុងក្រោយរបស់លោកមានដូចជា ឪពុកខ្ញុំ , ភ្នំពេជ្រនិល , កម្លោះក្រមុំ ហឺុហារ និងបទចាំមើលតែផ្លូវ។
Comments
Post a Comment